Wednesday, October 16, 2013

អត្ថាធិប្បាយ

នេះជាពាក្យដែលគេតែងនិយាយសំដៅទៅលើមនុស្សខ្លះដែលខ្វះការវាងវៃមិនចេះស្តាប់ មិនចេះចាប់​សំដី​របស់​គេឲ្យបាន។

មនុស្សមួយជំពូក មានការលំបាកក្នុងរឿងស្តាប់ គឺថាទោះបីគេខំពន្យល់ពីរឿងតូចមួយ យ៉ាងណាក៏ដោយក៏នៅ​តែស្តាប់មិនបាន នៅតែច្របូកច្របល់ នៅតែត្រឡប់ត្រឡិន ។

រឿងខ្លះទៀត ដែលជារឿងបច្ចេកទេសជ្រៅៗទាក់ទងនឹងគ្រឿងម៉ាស៊ីនទាក់ទងមេឃផ្កាយ ទាក់ទងអាកាស​ធាតុ។ល។ គឺជារឿងសម្រាប់មនុស្សដែលមានការចេះដឹងខ្លះៗទើបអាចស្តាប់ចាប់បាន​នូវការពន្យល់ ។ តែបើគេយក​រឿង​​ទាំងនេះទៅពន្យល់ចំពោះមនុស្ស ដែលមិនធ្លាប់រៀនសូត្រនៅសាលាសោះ គេមុខជាខកចិត្ត​មិនខាន។​ព្រោះ​ហេតុអ្វី? ព្រោះអ្នកស្តាប់ទាំងនោះ មិនអាចចាប់នូវអត្ថន័យ ឬ សាច់រឿងដែលយើងពន្យល់នោះទេ ។ ក្នុងបញ្ហាបែបនេះ គេតែងពោល ថា " ដូចចាក់ទឹកលើក្បាលទា " ។​ មានន័យថា "គ្មានជាប់អ្វីសោះឡើយ"។ បើចង់ធ្វើពិសោធមើល គេអាច​យកទឹកមួយកូនធុង រួចជះទៅលើក្បាលទាមួយហ្វូង ។ សង្កេតមើល តើឃើញទឹកសូម្បីមួយតំណក់ ជាប់នៅ​ក្បាលទា ឬ ទេ?